ក.អ.ក នឹងបើកវគ្គបណ្តុះបណ្តាលអំពីជំនាញរាយការណ៍ព័ត៌មានស្តីពីអំពើពុករលួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៧) ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា (កអក) នឹង បើកវគ្គបណ្តុះបណ្តាល ទាក់ទងជំនាញរាយការណ៍ព័ត៌មាននៃអំពើពុករលួយ និងការប្រកួតប្រ ជែង សរសេរអត្ថបទ ទាក់ទងអំពើពុករលួយ ដើម្បីទទួលពានរង្វាន់ឆ្នាំ២០១៧ ។
ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល និងការប្រកួតយកពានរង្វាន់នេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ក្នុងការធ្វើសេចក្ដីរាយការណ៍ព័ត៌មានស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅអំពីអំពើពុករលួយ និងជាការរួមចំណែកអប់រំសាធារណជន ពិសេសយុវជន ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពើពុករលួយ។
វគ្គបណ្តុះបណ្តាលជំនាញនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣ និង ១៤ ខែកក្កដា ឆ្នាំ២០១៧។ អ្នកកាសែតចំនួន១២នាក់ប៉ុណ្ណោះនឹងត្រូវជ្រើសរើសឲ្យចូលរួមវគ្គនេះ។ បេក្ខ នារី និងអ្នកចុះឈ្មោះមុនត្រូវបានផ្តល់អាទិភាព។
លោក Pierre Gillette អតីតនិពន្ធនាយកកាសែតបារាំង Cambodge Soir និង លោក គី សុខលីមសហស្ថាបនិកកាសែតអនឡាញថ្មីៗត្រូវបានជ្រើសរើសជាគ្រួឧទ្ទសក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ។លោកម៉ៃទិតថារ៉ាអ្នកសារព័ត៌មានខ្មែរថែមស៍និងជាអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតល្បីឈ្មោះក៏នឹងត្រូវបានអញ្ជើញមកចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកក្នុងការសរសេរ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានស៊ើបអង្កេតផងដែរ។
អ្នកជំនាញប្រឆាំង និងទប់ស្កាត់អំពើពុករលួយចំនួនពីររូប មកពីអង្គភាពប្រឆាំង អំពើពុករលួយនិងអង្គការតម្លាភាពកម្ពុជានឹងចូលរួមធ្វើបទអន្តរាគមន៍ស្តីពីមូលហេតុនៃអំពើពុករលួយទិដ្ឋភាពទូទៅនៃអំពើពុករលួយនិងយុទ្ធសាស្ត្រទប់ស្កាត់អំពើពុករលួយនៅតាមបណ្ដាប្រទេសក្នុងតំបន់និងអន្តរជាតិ។ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនិងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេល ៥ឆ្នាំចុងក្រោយនៅកម្ពុជា។
អ្នកសារព័ត៌មានក៏នឹងមានឱកាសជជែកពិភាក្សានិងចែកចាយបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការសរសេរ និងធ្វើសេចក្ដីរាយការណ៍ព័ត៌មានស៊ើបអង្កេតអំពីអំពើ ពុករលួយ និងការប្រឈមនានា ដែលអ្នកសារព័ត៌មានបានជួបប្រទះក្នុងប្រតិបត្តិការជាក់ស្ដែង។ អ្នកកាសែតអាជីពចូលរួមទាំង១២នាក់នឹងអាចអភិវឌ្ឍចំណេះដឹងបន្ថែមទៀតអំពីគន្លឹះសំខាន់ៗ សម្រាប់ធ្វើសេចក្តីរាយការណ៍ប័ត៌មានបែបស៊ើបអង្កេតគំនិត នៃប្រធានបទធ្វើអត្ថបទ ព័ត៌មានស៊ើបអង្កេតអំពីអំពើពុករលួយ។
ក.អ.កបញ្ជាក់ថាក្រោយបញ្ចប់វគ្គសិក្ខាកាមរួមទាំងអ្នកសារព័ត៌មានទាំងអស់នឹងបានអញ្ជើញឲ្យចូលរួមប្រកួតប្រជែងយកពានរង្វាន់អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០១៧ ស្តីពីការធ្វើសេចក្តីរាយការព័ត៌អំពីអំពើពុករលួយ។ជ័យលាភីលេខ១និងទទួលបានទឹកប្រាក់សុទ្ធចំនួន ៧៥០ ដុល្លាសហរដ្ឋអាមេរិក។ ជ័យលាភីលេខ២ និងទទួលបាន ៤៥០ដុល្លា ចំណែកលេខ៣ទទួលបាន៣០០ដុល្លា។
ចំពោះអ្នកសារព័ត៌មានដែលចាប់អារម្មណ៍ចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ សូមចូលទៅមើលនិងទាញយកឯកសារចុះឈ្មោះពីគេហទំព័ររបស់ក្លិបអ្នកកាសែតកម្ពុជាតាមរយៈ តំណភ្ជាប់៖ http://www.ccj.com.kh/km/វគ្គបណ្តុះបណ្តាលស្តីព/ ។
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង លោក ប៊ិន សុជាតិ នាយកប្រតិបត្តិ តាមរយៈទូរស័ព្ទលេខ៖ ៨៨៥ ១២ ៩៩៥ ២២៦ ឬអ៊ីម៉ែល៖ socheatb@gmail.com
សម្រាប់អ្នកចូលរួម សូមទាក់ទងកញ្ញា ស៊ុំ ដានី មន្ត្រី ទំនាក់ទំនងសាធារណ តាមរយៈទូរស័ព្ទលេខ៖ ៨៨៥ ៧៦ ៥៩៩ ២៦ ៤៧/ ៨៨៥ ៧៧ ៤៨០ ១៧១ ឬអ៊ីម៉ែល៖ ccj@online.com.kh រៀងរាល់ម៉ោងធ្វើការ៕