សម្តេច ហ៊ុន សែន ការឃោសនាអកុសល ធ្វើឲ្យបងប្អូនរស់នៅក្រៅប្រទេសគ្មានទំនុកចិត្តលើរាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះក្នុងហ្វេសប៊ុក ថា នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជាវិវឌ្ឍន៍ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបានធានា ដែលធ្វើអោយកំណើនទេសចរជាតិ និងអន្តរជាតិ មានសន្ទុះកើន ឡើងជាលំដាប់។ សព្វថ្ងៃនេះ កម្ពុជាជាទិសដៅទេសចរណ៍ និងវិនិយោគដ៏សំខាន់នៅក្នុងតំបន់ ។
សម្តេចបានបន្ថែមថា «ការរីកចម្រើនទាំងអស់នេះ គឺយើងទាំងអស់គ្នា បានឃើញច្បាស់ផ្ទាល់នឹងភ្នែក ប៉ុន្តែចំពោះបងប្អូន ដែលកំពុងរស់នៅបរទេសមួយចំនួន ដែលមិនបានមកលេងស្រុកកំណើត គឺបានស្តាប់ឮនូវការឃោសនាអកុសលមួយចំនួនថា កម្ពុជាអស្ថិរភាព គ្មានការរីកចម្រើន… នោះគឺជាការឃោសនាបោកប្រាស់ទាំងស្រុង ដែលមានចេតនាអាក្រក់ចំពោះប្រទេសជាតិខ្លួនឯង។ ព្រោះតែការឃោសនាមិនពិតនោះហើយ ទើបប្រជាពលរដ្ឋគ្មានជំនឿទុកចិត្ត» ។
សម្តេចតេជោក៏បានសម្តែងនូវការអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រ និងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនៈភាពពិតប្រាកដ។
កាលពីថ្ងៃទីអាទិត្យ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណ និងអបអរសាទរដល់សមាជិក សមាជិកាគណបក្សប្រជាជននៅក្រៅប្រទេសទាំងអស់ រួមទាំងនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលបានប្រាព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។
សម្តេចបានឱ្យយដឹងថា «កំណើននៃការគាំទ្រមកលើគណបក្សប្រជាជននៅបរទេស គឺកំពុងកើនឡើងយ៉ាងច្រើន បន្ទប់ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាទីទុកចិត្តបស់ប្រជាពលរដ្ឋ» ៕