សម្តេចតេជោ ៖ វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
សៀមរាប (១២ មិថុនា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ដែលជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយការកើន ឡើងនូវកម្តៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើន គឺទាមទារប្រទេសក្នុងតំបន់ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៥លាននាក់ ក្នុងកំណើន ៥% និងរកចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក។ សម្តេចបន្តថា តាមការរំពឹងទុកឆ្នាំ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ ហើយ ៧លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជា បានបង្កើតការងារ ដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត៕