គ​.​ជ​.​ប ៖ បញ្ឈប់​ការស្ទង់មតិ​អំពី​គណបក្សនយោបាយ​ ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៦ ឧសភា ២០១៧) ៖ កាល​ពី​​ថ្ងៃទី​២៤ ខែឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានចេញ​សេចក្តីអំពាវនាវ​ដល់​អ្ន​ក​ប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ឲ្យ​បញ្ឈប់​ការស្ទង់មតិ​អំពី​ប្រជាប្រិយភាព​នៃ​គណបក្សនយោបាយ​។  គ​.​ជ​.​ប​ក៏បាន​បញ្ជាក់ប្រាប់​​ថា​ខ្លួន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កណា​ម្នាក់ មិន​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ​។​

​សេចក្តីអំពាវនាវ​នោះ បាន​សរសេរ​ដូច្នេះ​ថា “​គ​.​ជ​.​ប សូម​អំពាវនាវ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការស្ទង់មតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជៀសវាង​កុំ​ឲ្យ​មហាជន ភាន់ច្រឡំ​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ ប៉ុន្តែ បើ​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ​ទៀត គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​”
​    ​
​តាមរយៈ​សេច​ក្អី​អំពាវនាវ​នេះ គ​.​ជ​.​ប បានចាត់ទុក​ការស្ទង់មតិ ដើម្បី​ស្វែងរក​ថា​គណបក្ស​ណា​ទទួលបាន​ការគាំទ្រ​ច្រើនជាង​គណបក្ស​​ណា គឺជា​ការធ្វើ​ឲ្យ​ភាន់ច្រឡំ ដល់​ដំណើរការ​នៃ​រៀបចំ​ការបោះឆ្នោត​។ ម្យ៉ាងទៀត គ​.​ជ​.​ប យល់ថា ការស្ទង់មតិ​មុន​ការបោះឆ្នោត​ឈាន​​មកដល់​បែបនេះ គឺ​ប្រាសចាក​ពី​គោលការណ៍​នៃ​ច្បាប់​។ គ​.​ជ​.​ប សង្ឃឹមថា អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នឹង​បញ្ឈប់​ការស្ទង់មតិ​លើ​គណបក្ស​នយោបាយ តាម​សេចក្តីអំពាវនាវ​ខាងលើ ដើម្បី​ជៀសវាង​ការ​ប្រឈម​ចំពោះមុខ​ច្បាប់​។​
​    ​
​ខណៈ​ការឃោសនាបោះឆ្នោត​ស្វែងរក​សំឡេងឆ្នោត កំពុងតែ​ដំណើរ គេ​សង្កេតឃើញ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​សារ​ស្ទង់​​មតិ​អមដោយ​រូបភាព​ថ្នាក់ដឹកនាំ ឬ​ស្លាក​សញ្ញា​តំណាង​គណបក្សនយោបាយ ដើម្បី​ចង់ដឹងថា​“​តើ​គណបក្ស​ណា​ទទួល​បានការ​​គាំទ្រ​ច្រើនជាងគេ​”​។

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ ក្នុងដំណាក់កាល​នេះ គណបក្សនយោបាយ​នានា កំពុងតែ​ចេញ​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​។ ការឃោសនា នឹង​បញ្ចប់​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧៕

1

Related Articles

Back to top button
Close
Close