កូនប្រុសនាយ ហុង ដា និងសង្សារ អាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ឧសភា ២០១៧) ៖ បន្ទាប់ពីធ្វើការចោទប្រកាន់រួចរាល់នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញ បានសម្រេចបញ្ជូន កូនប្រុសតារាកំប្លែងនាយ ហុង ដា និងសង្សារ ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថវិញ ដោយរង់ចាំបន្តនីតិវិធីនៅថ្ងៃស្អែក។ នេះបើតាមការបញ្ជាក់ប្រាប់របស់មន្ត្រីតុលាការ។
យោងតាមសារព័ត៌មានហ្វ្រេសញូវ កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ រីឯសង្សាររបស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ អាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត៕