ការប្រឡងជិតចូលមកដល់យុវវ័យបែរទៅបែរបន់ឲ្យវត្ថុស័ក្តិសិទ្ធិជួយ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលមកដល់គេសង្គេតឃើញថា នៅតាមទីវត្ត អារាម មួយចំនួននៅភ្នំពេញក៏ដូច ជានៅតាមខេត្តមានសិស្សសាលាភាគច្រើនដែលកំពុងត្រៀមប្រឡង សញ្ញាបត្រ បាក់ឌុបបាន ទៅបែរបន់ឲ្យវត្ថុស័ក្តិសិទ្ធិជួយឲ្យ ប្រឡងជាប់ សកម្មភាពនេះហាក់បាន និង កំពុងកើតឡើង និងរីករាលដាលកាន់ តែខ្លាំងឡើង។
ក្រៅពីការបែរបន់វត្ថុស័ក្តិសិទ្ធិឲ្យជួយនៅមុនពេលប្រឡង សិស្សសាលាមួយចំនួនក៏ស្វែងរកមធ្យោ បាយគ្រប់បែបយ៉ាងដូចជាការ ទិញវិញ្ញាសាស ការពឹងពាក់គ្រូមេប្រយោគឲ្យជួយខ្លួនថែមទៀត។ ពេលប្រឡងជាប់ពួកគេក៏យកសំណែនទៅថ្វាយវត្ថុស័ក្តិសិទ្ធិ ទាំងនោះដើម្បីលាបំណន់ ឬការផ្តល់ គុណនានាដល់អ្នកដែលបានជួយពួកគេឲ្យប្រឡងជាប់។
ពិតណាស់ចំណុចនេះវាជារឿងមួយគួរឲ្យពិចារណាព្រោះថា យុវវ័យគួរមានភាពជឿជាក់លើខ្លួនឯង ឲ្យបានច្រើនជាងការពឹងពាក់ លើកម្លាំងក្រៅខ្លួន។ ការបាត់បង់ជំនឿចិត្តលើខ្លួនឯងក្នុងចំណោម យុវវ័យគឺជារឿងធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
ការពឹងពាក់លើអបិយជំនឿ ឬការដឹងគុណចំពោះអ្នកដែលបានជួយខ្លួនវាបានក្លាយជាវត្ថុជាប់នឹងខ្លួន របស់ពលរដ្ឋខ្មែរយើងទៅ ហើយ។ ការបន់ស្រន់ សែនព្រេនមិនមែនជារឿងចម្លែកឡើយសម្រាប់ មនុស្សខ្មែរ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការបន់ ស្រន់ដែលយើងកំពុងនិយាយពេលនេះជាប់ ទាក់ទងនឹងការប្រឡងគឺមិនមែនជាគ្រោះអាសន្នណាមួយដែលគួរចងភ្ជាប់ទៅនឹង អបិយជំនឿសោះ ឡើយ៕