ក្រសួងធនធានទឹក ព្រមានពីបាតុភូត រន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មេសា ២០១៧) ៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី២៦ មេសា នេះបានព្រមានជាថ្មីទៀត អំពីរន្ទះ និងខ្យល់កន្ត្រាក់ ខណៈដែលប៉ុន្មានថ្ងៃថ្មីៗ បាតុតុភូតធម្មជាតិនេះ បានបំផ្លាញផ្ទះជាច្រើនខ្នង នៅតាមបណ្ដាខេត្តមួយចំនួន រួមទាំងបង្ករឲ្យមនុស្ស និងសត្វពាហនៈស្លាប់ផងនោះ ។
ក្រសួងធនធានទឹកបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា កម្រិតសម្ពាធទាបលើផ្ទៃដី បន្តគ្របដណ្ដបលើព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះខ្យល់បានវិវត្ត និងប្ដូរទិសដៅ ដោយបកមកពីទិសខាងត្បូង និងទិសនិរតី ។ តាមការព្យាករណ៍ស្ថានភាពបែបនេះ នឹងបន្តឲ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០១៧ ។
សេចក្ដីប្រកាសព័ត៌មាននោះបានបន្ថែម ដោយឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនាថ្ងៃទី២៨ ,២៩ និងទី៣០មេសា ដោយក្នុងអំឡុងពេលនោះ បាតុភូតនេះអាចនឹងកើតមានឡើងកាន់តែច្រើន នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ៕