សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ពលរដ្ឋខ្មែរនៅកូរ៉េ មិនបាច់ព្រួយបារម្ភរឿងសង្គ្រាមទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ មេសា ២០១៧) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរដែលកំពុងសិក្សា និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង មិនចាំបាច់ព្រួយបារម្ភពីសុវត្ថិភាព នោះទេខណៈនៅឧបទ្វីប កំពុងជួបស្ថានភាពតានតឹងខ្លាំង។
សម្តេចតេជោ បានបន្តថា “…ថ្ងៃនេះខ្ញុំក៏ចង់និយាយផងដែរ ទៅកាន់ពលករខ្មែរនៅកូរ៉េ ដូចជាក្រុមគ្រួសារពលករខ្មែរនៅកូរ៉េសូមកុំបារម្ភវាជារឿងច្រំដែលទេ កាលពីឆ្នាំ២០១៤ មានការតិះទៀនដល់ខ្ញុំថា មិនបានជម្លៀសពលករចេញពីកូរ៉េ…សង្គ្រាមនៅកូរ៉េមិនកើតទេជឿខ្ញុំទៅ…ចេញម៉ែក៏បែក ចេញឪក៏បែក ពាក់ព័ន្ធនឹងការជម្លៀសពលករ តើគួរតែជម្លៀស ឬមិនជម្លៀស ? វាគ្មានអ្វីត្រូវជម្លៀសទេសង្គ្រាមវាមិនទាន់កើតទេ…”។
សម្តេចតេជោមានជំនឿថា នៅឧបទ្វីបកូរ៉េពិតជាគ្មាន រឿងអ្វីកើតឡើងនោះទេ គ្រាន់តែមានការគំរាមកំហែង គ្នាទៅវិញទៅមកនោះទេ ។
សម្តេចបន្តថា ពលករខ្មែរកុំរត់ចោលប្រជាជនកូរ៉េ ធ្វើការនៅទីនោះមិនទាន់មានសង្គ្រាមផងរត់ចោលគេ ហើយចុះពេលក្រោយទៅ រកការងារម៉េចនឹងកើតទៅ ៕