ក្នុងហេតុការណ៍ផ្ទុះរថភ្លើងក្រោមដីនៅរុស្ស៊ីពុំមានពលរដ្ឋ ឬនិស្សិតខ្មែររងគ្រោះនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៧) ៖ តាមការជូនដំណឹងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសថា រហូតដល់ពេលនេះ មិនទាន់មានពលរដ្ឋ ឬនិស្សិតខ្មែរណាម្នាក់ បានរងគ្រោះដោយហេតុការណ៍នៃការផ្ទុះនៅក្នុងរថភ្លើងក្រោមដី ក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ីឡើយ។
ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពី ស្ថានទូតខ្មែរប្រចាំនៅប្រទេសរុស្ស៊ីបានទាក់ទងជាមួយសមាគមនិស្សិតខ្មែរប្រចាំនៅទីក្រុង St.Petersburg ដើម្បីស្វែងយល់ អំពីភាពការណ៍របស់និស្សិតយើង។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង២និង៤០នាទីល្ងាចម្សិលមិញ មានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅឯស្ថានីយរថភ្លើងក្រោមដី២កន្លែង ស្ថិតនៅក្នុងទីក្រុង Saint-Petersbourg នៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានមនុស្សយ៉ាងតិច១១នាក់បានស្លាប់ និងជាង៤០នាក់ ផ្សេងទៀតបានរងរបួស។
ប៉ុន្តែយ៉ាងណាក៏ដោយ ភ្លាមនោះដែរ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់ពីមូលហេតុ នៃការផ្ទុះនេះនៅឡើយទេ៕