សម្តេចតេជោ ស្នើរក្រសួងអប់រំមិនគួរឲ្យសិស្សរៀនក្នុងអាគារមានសភាពទ្រុឌទ្រោម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ មីនា ២០១៧) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើក្រសួងអប់រំ និងអាជ្ញាធរគ្រប់រាជធានីខេត្ត ពិនិត្យឡើងវិញ នូវគ្រប់បណ្ដាអគារសិក្សាទាំងឡាយនៅក្នុងក្របខណ្ឌទូទាំងប្រទេសដែលមានសភាពទ្រុឌទ្រោមមិនគួរឲ្យសិស្សរៀនតទៅទៀតទេត្រូវឲ្យអាទិភាពទៅលើការរៀបចំកសាងឡើងវិញនូវអគារសិក្សាទាំងនោះ។
សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីមានកម្ពស់ ៣ជាន់ ស្មើនឹង ៤៨បន្ទប់ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
គួររំលឹកថាក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តចុះតាមខេត្តពាក់ កណ្តាលឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អគារសិក្សាថ្មីចំនួន ៣៦៨ខ្នង ស្មើនឹង ៤.១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនឹង ១០១បន្ទប់ សាលប្រជុំ ៣ខ្នង និងផ្ទះគ្រូចំនួន ៥៩ខ្នង មាន ៦២០បន្ទប់៕