សម្តេចតេជោចូលរួមរំលែកទុក្ខចំពោះសម្តេចវិបុលបញ្ញា សុខ អាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មីនា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់មិញនេះ បានសម្តែងនូវទុក្ខក្រៀមក្រំ ចំពោះសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅវេលាម៉ោង ១៨ និង៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សម្តេចបានលើកឡើងថា សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើអោយកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះ គឺចាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។
«ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមអោយវិញ្ញាណក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕