ស្ត្រីម្នាក់ផឹកស្រាច្រើនពេករហូតគាំងបេះដូងស្លាប់ក្នុងបន្ទប់ជួល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មីនា ២០១៧) ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរផឹកស៊ីជាមួយសង្សារ និងមិត្តភក្ដិពីមួយកន្លែងហើយមួយកន្លែងទៀត ក្រោយមកត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២យប់រំលងអធ្រាតឈានចូលថ្ងៃទី៣ មីនា ២០១៧ នៅចំណុចផ្សារ សុភមង្គល ស្ថិតនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលផឹកនៅក្នុងហាង រហូតស្រវឹងរៀងៗខ្លួនហើយ ក៏បាននាំគ្នាត្រឡប់ទៅកាន់កន្លែងផ្ទះជួលវិញហើយ ក៏ទិញស្រាបៀរ១កេសផឹកបន្តទៀត។ លុះដល់វេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ មីនា ទើបដឹងថា ស្ត្រីម្នាក់នេះស្លាប់ ហើយយុវជនឈ្មោះរ៉ា ដែលជាសង្សារបស់នាង បានរត់គេចខ្លួនបាត់មុនគេ ដោយបន្សល់ទុកម៉ូតូម៉ាកឃ្លីកមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១AQ-២៥២៥ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ សហការជាមួយកម្លាំងសន្តិសុខយាមនៅទីនោះ បានចាប់ខ្លួនយុវជន៣នាក់ ដែលជាមិត្តភក្ដិសង្សារបស់នាង ធ្វើការសាកសួរផងដែរ ព្រោះមានការសង្ស័យថា នាងស្លាប់ដោយអំពើឃាតកម្ម ។
លុះព្រឹកឡើងទើបនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ទើបដឹងប្រាកដថា នាងម្នាក់នោះមិនមែនស្លាប់ដោយអំពើឃាតកម្មនោះទេ គឺស្លាប់ព្រោះតែផឹកស្រាច្រើនពេកហើយគាំងបេះដូង ។ បន្ទាប់មកទើបដោះលែងយុវជនទាំង៣នាក់ ដែលឃាត់ខ្លួនកាលពីយប់នោះវិញ ៕