ខឹងចាប់រំលោភមិនបានសម្រេចយកដុំឥដ្ឋទៅវាយបណ្តាលឲ្យរងរបួសមួយគ្រួសារ
សារព័ត៌មាន Cambodia News/
បាត់ដំបង (០៤ មិនា ២០១៧) ៖ មានករណីវាយសម្លាប់មនុស្សក្នុងគ្រួសារមួយមានសមាជិក៤នាក់យ៉ាងឃោរឃៅបំផុត កើតឡើងដោយសារតែឃាតករខឹងចិត្តខ្លាំង ព្រោះប៉ងចាប់រំលោភមិនបានសម្រេច ក៏បញ្ចេញកំហឹងប្រើហិង្សា ដោយយកដុំឥដ្ឋទៅវាយ ក្នុងនោះបណ្តាលឱ្យក្មេងស្រីអាយុទើបជាង១ខែម្នាក់ស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់-ស្រាល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង១០យប់ថ្ងៃទី០២ មីនា ស្ថិតត្រង់ចំណុចភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះម្នាក់អាយុ១១ឆ្នាំ ដែលជនសង្ស័យប៉ងរំលោភនោះ បានរបួសធ្ងន់ ២-ឈ្មោះសួន នុត ភេទស្រី អាយុជាង១ខែ (ស្លាប់) ៣-ឈ្មោះសួន ធិ ភេទប្រុស អាយុ៤ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរខេត្តសៀមរាប ៤-ឈ្មោះប្រាក់ វណ្ណ អាយុ៣០ឆ្នាំ ជាម្តាយ របួសធ្ងន់ និង៥-បុរសជាឪពុក មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែក ឃាតករគឺឈ្មោះហុង ពិសី អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះដែរ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុនោះ ខណៈម្តាយ-ឪពុកមិនបាននៅផ្ទះ គឺនៅតែ៣នាក់បងប្អូន ក្នុងនោះមានក្មេងស្រីរងគ្រោះជាកូនបងគេ ត្រូវជនសង្ស័យលួចចូលទៅខ្ទប់មាត់នាង ដើម្បីចាប់រំលោភ។ តែត្រូវនាងរត់គេចចេញពីផ្ទះទាន់ ហើយមកប្រាប់ម្តាយ ទើបត្រូវម្តាយរត់មកផ្ទះ ដើម្បីចាប់ជននោះ តែត្រូវជននោះយកដុំថ្មមកវាយទៅលើទាំងម្តាយទាំងកូនស្រី នោះ ដោយពួកគាត់រត់ចេញពីផ្ទះវិញហៅគេជួយ ទាំងមានរបួស ។
ពេលនោះ ជនសង្ស័យក៏យកដុំថ្មទៅវាយកូនប្រុស-ស្រី២នាក់ដែលកំពុងដេកក្នុងផ្ទះនោះ បណ្តាលឱ្យកូនស្រីតូចជាងអាយុជាង១ខែស្លាប់ភ្លាមៗ និងកូនប្រុសរងរបួសធ្ងន់ ហើយឃាតករបានគេចបាត់តែម្តង៕