សម្តេចតេជោ ផ្ដាំទៅប្រាសាក់ឱ្យប្ដូរ និមិត្តសញ្ញា ឱ្យលឿនបំផុត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កុម្ភៈ ២០១៧) ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបង្ហាញនូវកំហឹងជាសាធារណជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ខណៈដែលសម្តេចផ្តាំជាសារថា ឲ្យគ្រឹះស្ថានមួយនេះប្តូររូបសញ្ញាឲ្យបានលឿន បើមិនដូរទេនឹងមិនអនុញ្ញាត ឲ្យបន្តសកម្មភាពទៀតទេ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដាក់ Logo អក្សរ (រ) មានន័យថា រៀល រៀល រៀល តែប្រជាពលរដ្ឋមានគិតថារៀលឯណា គាត់គិតថា រដ្ឋ រដ្ឋ រដ្ឋ ជំពាក់លុយរដ្ឋ”។
សម្ដេចបន្តថា ដូច្នេះហើយដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា សម្តេចបានផ្ដាំទៅប្រាសាក់ឱ្យប្ដូរ Logo(និមិត្តសញ្ញា) ឱ្យលឿនបំផុតកុំឱ្យមានការយល់ច្រឡំបន្តទៀត តែបើមិនព្រមប្ដូរទេសម្ដេចនឹងឱ្យធនាគារជាតិចាត់ការទៅលើរឿងនេះក្រៅប្រព័ន្ធតុលាការហើយ៕