បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ត្រូវគេសម្លាប់
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (១៥ កុម្ភៈ ២០១៧) ៖ បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លោក គីម ជុងណាំ ត្រូវគេសម្លាប់នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីជាទីដែលលោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា លោក គីម ជុងណាំ ជាកូនប្រុសច្បងនៃអតីតមេដឹកនាំកំពូលរបស់ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល ត្រូវបានគេសម្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧។ ក៏ប៉ុន្តែភ្លាមៗនោះដែរ មូលហេតុស្លាប់ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់បងប្រុសរបស់ខ្លួនឯង។
ដោយឡែកទាក់ទិននឹងព័ត៌មាននេះដែរ ស្ថានីយ៍ទូរទស្សន៍ខ្សែកាប TV Chosun បានរាយការណ៍ថា លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកិច្ច កូរ៉េខាងជើងទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន ស្ត្រីទាំងពីរនាក់នេះកំពុងរត់គេចខ្លួន៕