អនុម័តច្បាប់ចរាចរណ៍ថ្មីអ្នករួមដំណើរទាំងកុមារត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញយោងតាមមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនដែលធ្វើការពាក់ពន្ធ័នឹងបញ្ហាសង្គមបានឲ្យដឹងថា នៅពេលការអនុម័តច្បាប់ចរាចរណ៍ថ្មីបានឆាប់រហ័សនោះនឹងជួយឲ្យអត្រារងរបួសក្បាលធ្ងន់ធ្ងរ ឬ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានថយចុះឆាប់រហ័សផងដែរ។
នៅក្នុងផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជាក៏ដូចជាបណ្តាប្រទេសមួយ ចំនួនទៀត បានប្តេជ្ញាកាត់បន្ថយចំនួនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០ភាគរយ នាឆ្នាំ ២០២០ខាងមុខ ស្របគ្នាទៅនឹងទិសដៅ ផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសហប្រជាជាតិ ២០១១-២០២០ ។
យោងតាមរបាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា ក្នុងឆ្នាំ២០១១កន្លង មកមានជនរងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ចំនួនជិត ២០០០ នាក់ ជនរងគ្រោះថ្នាក់ភាគច្រើនជា អ្នកប្រើប្រាស់ម៉ូតូក្នុងនោះ ៧០ភាគរយនៃជនរងគ្រោះដល់ស្លាប់មានរបួសក្បាល។
ក្នុងឆ្នាំ២០១១ កន្លងទៅ ក្នុងចំណោមអ្នកបើកបរម៉ូតូនៅទីក្រុងភ្នំពេញ មានអត្រាពាក់មួក សុវត្ថិភាព ក្រោម៩០ភាគរយនៅពេលថ្ងៃ និង៦០ភាគរយនៅពេលយប់ រីឯអ្នករួមដំណើរជាមួយ មានអត្រាពាក់ មួកតិចជាង១០ភាគរយ ដោយសារអត្រាអ្នករួមដំណើរជាមួយមានតិចទើបធ្វើឲ្យអ្នកជិះពីក្រោយ មានអត្រារងរបួសក្បាលខ្ពស់ជាងអ្នកបើកបរម៉ូតូទៅទៀត ។
ដើម្បីលើកកម្ពស់សុវត្ថិភាពដល់អ្នកធ្វើដំណើរជាមួយគ្នាដែលជាទូទៅប្រឈមនិងការរងរបួសក្បាល ច្រើនជាងរាជរដ្ឋាភិបាលគួរជំរុញការធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាពិសេសដោយយោងតាមមាត្រា ទី៩ នៃច្បាប់ចរាចរណ៍ ផ្លូវ គោកបច្ចុប្បន្ន ដោយតម្រូវឲ្យអ្នកបើកបរទោចក្រយានយន្ត(ម៉ូតូ) និងអ្នករួម ដំណើរ ក្នុងនោះរួមទាំងកុមារផង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ៕