សម្តេច ហ៊ុន សែន ​បញ្ជា​ឲ្យ​ចាប់​វាយ​ខ្នោះ​អ្នក​នយោបាយ​ដែល​សន្យា​​​លុប​បំណុល​របស់​ពលរដ្ឋ

 

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៩ កុម្ភៈ ២០១៧) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារម្សិល​មិញ​ បានព្រមានជាថ្មី ដោយបញ្ជាឲ្យអាជ្ញាធរចាប់វាយខ្នោះអ្នកនយោបាយណាដែលឃោសនា ថានឹងលុបបំណុលឲ្យប្រជាពលរដ្ឋដែលខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគេឈ្នះឆ្នោត។

នេះមិនមែនជាលើកទីមួយទេ ដែល​សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយដែលសន្យាថា នឹងលុបបំណុលឲ្យប្រជាពលរដ្ឋ។ ចាប់តាំងពីការប្រកាសកាលពីដើមឆ្នាំ២០១៦មក គេមិនទាន់ឃើញមានអ្នកនយោបាយណាម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសន្យានេះនៅឡើយ។

ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធិផលក្នុងវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានចំអកឲ្យគណបក្សមួយចំនួនដែលបានឃោសនានយោបាយតាមរយៈការសន្យាថា នឹងលុបបំណុលដែលប្រជាពលរដ្ឋតាមមូលដ្ឋានជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនថា ជាការបោកប្រាស់។

សម្តេចបាន​ លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ ដូច្នេះអ្នកនយោបាយដែលសន្យាថា លុបចោលបំណុលទាំងនោះបាន លុះត្រាតែពួកគេធ្វើបដិវត្ត បង្កើតរបបថ្មី ដែលលោកបានប្រៀបរបបថ្មីនោះ ដូចទៅនឹងរបប ប៉ុល ពត។ សម្តេចបានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនបុគ្គលណាដែលហ៊ានឃោសនាដោយសន្យាលុបចោលបំណុលទាំងនោះ៕

1

Related Articles

Back to top button
Close
Close