តុលាការសាលាឧទ្ធរណ៍ សម្រេចប្រគល់នីតិសម្បទា ជូនលោកស្រីមូរ សុខហួរ
ដោយ សយ ដុល្លា
ចៅក្រមរបស់តុលាការសាលាឧទ្ធរណ៍ សម្រេចប្រគល់នីតិសម្បទាជូនលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រ មកពី គណបក្ស សម រង្ស៊ីនៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅសភាស៊ើប សួរ សាលា ឧទ្ធរណ៍ ។
ក្រោយការសម្រេច លោកស្រី មូរ សុខហួរ បានប្រាប់អ្នកកាសែតថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ ដែលលោកស្រី ទទួលយកបាន។ នៅក្នុងរយៈពេលមួយខែនេះ លោកស្រីនៅ តែ បំពេញ តួនាទីជាអ្នកតំណាង រាស្ត្រ ព្រោះរាស្ត្របោះឆ្នោតឲ្យ មិនមែនឲ្យមកនៅស្ងៀមបិទមាត់ទេ លោកស្រី មិនស្តាប់ អ្នកណាក្រៅពីរាស្ត្រទេ។
ចៅក្រមរបស់តុលាការសាលាឧទ្ធរណ៍ សម្រេចប្រគល់នីតិសម្បទាជូនលោកស្រី ដែលអាចបើកផ្លូវឲ្យលោកស្រី ទទួលបានអភ័យ ឯកសិទ្ធិពេញលេញឡើងវិញ។ ក៏ប៉ុន្តែតាមច្បាប់ មួយខែទៀតទើបលោកស្រី មូរ សុខហួរ ទទួលបានអភ័យឯកសិទ្ធិ ប្រសិនបើគ្មានបណ្តឹង។
លោកស្រី មូរ សុខហួរ បានបន្តថា លោកស្រីបានរង់ចាំអស់រយៈពេលជិតបីឆ្នាំមកហើយ។ តុលាការក៏បានកាត់ប្រាក់បៀវត្សរបស់លោកស្រី អស់ ១៦,៥ លាន រៀលដោយបែកចែកជាពីរផ្នែក មួយផ្នែកឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុនសែនជាដើមបណ្តឹង នឹងមួយផ្នែកទៀតឲ្យទៅរដ្ឋ។
សូមបញ្ជាក់ថាលោកស្រី មូរ សុខហួរត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ ប្តឹង ពីបទបរិហាកេរ្តិ៍សម្តេច ហើយតុលាការ បានសម្រេចក្តីឲ្យលោកស្រី ចាញ់ក្តីសម្តេចតេជោហ៊ុន សែន និង បាន បង្គាប់ឲ្យលោកស្រី បង់ប្រាក់ពិន័យ ព្រមទាំងប្រាក់សំណងជំងឺចិត្ត សរុបចំនួន ១៦,៥ លានរៀល។ ប៉ុន្តែលោកស្រីមូរ សុខហួរ ជំទាស់ចំពោះការបង់ប្រាក់ទាំងនោះ ទើបតុលាការសំរេចកាត់ប្រាក់ខែរបស់លោកស្រី មូរ សុខហួរ ក្នុងនាមជាសមាជិករដ្ឋសភា៕