សំណើលោក ដូណាល់ ត្រាំ ត្រូវបានសាលាឧទ្ធរណ៍អាមេរិកច្រានចោល
សារព័ត៌មាន Cambodia News/
អាមេរិក (០៦ កុម្ភ៖ ២០១៧) ៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកបានច្រានចោលសំណើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញនូវបទបញ្ជាស្ដីពីជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រមតុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន REUTERS។
សាលដីការបស់សាលាឧទ្ធរណ៍អាមេរិកបាននិយាយថា សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងឧទ្ធរណ៍ពីរដ្ឋបាល ដែលទាមទារឲ្យរក្សាបទបញ្ជារបស់ប្រធានាធិបតី។
ទន្ទឹមនោះក្រសួងយុត្តិធម៌ បានដាក់បណ្ដឹងឧទ្ធរណ៍មួយថ្ងៃក្រោយពីចៅក្រមសហព័ន្ធនៅទីក្រុងស៊ីអាថល ចេញបញ្ជាឲ្យដកបម្រាមរបស់លោក ត្រាំ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមករាកន្លងមកនេះ បានចេញបញ្ជាហាមឃាត់ពលរដ្ឋមកពីប្រទេសមូស្លីមចំនួន ៧ មិនឲ្យចូលទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ៕