អាចារ្យ A បកស្រាយរឿងទឹកដោះគោសិស្សសាលានាំចូលពីប្រទេសថៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កុម្ភៈ ២០១៧) ៖ កាលពីម្សិលមិញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់អាខោនមួយឈ្មោះជាភាសាថៃ និងខ្មែរថាភូមិប្រុសស្អាតបានលើករឿងលោកសេង ប៊ុនវ៉េង ហៅ អាចារ្យAម្ចាស់ស្ថានីយវិទ្យុABCមកបកអាក្រាត។
ម្ចាស់អាខោនបានអះអាងថា អាចារ្យAនេះធ្លាប់មានប្រពន្ធថៃហើយក៏ឃុបឃិតគ្នានាំចូលទឹកដោះគោសិស្សសាលាថៃដែលគេចែកអោយផឹកដោយឥតគិតថ្លៃនោះមកលក់អោយពលរដ្ឋខ្មែរយកលុយដាក់ហោរប៉ៅអស់រាប់ឆ្នាំយ៉ាងព្រងើយរហូតដល់ផ្ទុះបែកធ្លាយរឿងនេះនៅថៃនិងនាំអោយមានការបញ្ជូនភ្នាក់ងារថៃមកស៊ើបអង្កេតករណីនេះនៅកម្ពុជាកាលពីពេលថ្មីៗ។
ពាក់ព័ន្ធនឹងបញ្ហានេះ អាចារ្យAម្ចាស់ស្ថានីយវិទ្យុABCនិងសាលារៀបើកបរ២៣តុលាបានអះអាងតបវិញថាតាមពិតវាជារឿងនយោបាយរវាងក្រុមអាវក្រហមនិងអាវលឿង ។
លោកបានប្រាប់ថា តាមពិតប្រអប់ទឹកដោះគោដាក់ស្លាក”ហាមលក់”នេះមានតាំងពីសម័យថាក់ស៊ីន ស៊ីណាវ៉ាត គឺសម័យរដ្ឋទិញទឹកដោះគោពីកសិករមកចែកអោយកុមារទទួលទានដោយឥតគិតថ្លៃដើម្បីទាក់ទាញប្រជាប្រិយភាពតែនៅពេលពួកយោធា(ក្រុមអាវលឿង)ចូលកាន់អំណាច យោធាបានកាត់បន្ថយការទិញទឹកដោះគោពាក់កណ្តាល ពី៨០តោនមក៤០តោនជាហេតុនាំអោយសល់ផលិតផលទឹកដោះយ៉ាងច្រើន។
លោកបានបន្តទៀតថា កសិករនិងក្រុមហ៊ុនដែលរងគ្រោះពីការកាត់បន្ថយបរិមាណទឹកដោះគោនេះបានមកទាក់ទងក្រុមហ៊ុនថៃមួយអោយជួយទិញដើម្បីកុំអោយកសិករជួបវិបត្តិហើយលោកក៏ទិញបន្តដើម្បីមកលក់នៅកម្ពុជាដោយសារវាជាផលិតផលទឹកដោះគោល្អ។លោកថា តាមពិតមានភ្នាក់ងារថៃមកស្រាវជ្រាវអំពីការលក់ទឹកដោះគោសិស្សសាលានេះមែន តែអ្នកមានទោសគឺអ្នកលក់ទឹកដោះគោនៅថៃ ព្រោះគេហាមលក់ អ្នកទិញមិនមានទោសទេ ហើយក៏មិនអាចអនុវត្តបាននៅកម្ពុជាដែរ។
ចុងក្រោយលោកបញ្ជាក់ថា ចំពោះទឹកដោះគោនេះលោកនៅតែនាំចូលដដែល តែនឹងដូរប្រអប់”ហាមលក់”ចេញ៕