ក្លឹបអ្នកកាសែតកម្ពុជា អំពាវនាវឲ្យអ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់ក្រមសីលធម៌
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មករា ២០១៧) ៖ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ដោយអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនដោយចៀសវៀង ឲ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្លឹបអ្នកកាសែតកម្ពុជា សង្កេតឃើញថាសារព័ត៌មាន និងមហាជនជាច្រើនបានសម្តែងមតិយ៉ាងផុសផុលទាក់ទង នឹងក្រមសីលធម៌ បន្ទាប់ពីក្រសួងព័ត៌មានបានបិទកម្មវិធីABC 3 Spring របស់វិទ្យុ ABC នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍៣ នាថ្មីៗនេះ។
ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា កន្លងទៅខ្លួនធ្លាប់បានសម្តែងការព្រួយបារម្ភជាបន្តបន្ទាប់ផងដែរអំពីការធ្លាក់ចុះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យFacebook នេះ។ ក្លឹបអ្នកកាសែតកម្ពុជាចាត់ទុកថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា៕