រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងថា នៅក្នុងពិភពសារព័ត៌មាន មិនដូចក្នុងឆាកល្ខោន និងរឿងចិនកាប់ដាវទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មករា ២០១៧) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើង នៅលើបណ្តាញសង្គម Facebook របស់លោក នៅព្រឹកថ្ងៃទី២៥ ខែមករា នេះថា នៅលើពិភពសារព័ត៌មានមិនដូចឆាកល្ខោន និងរឿងចិនកាប់ដាវនោះទេ។
លោកបានបន្ថែមថា «ពិភពលោកមិនមែនមានតែ‹‹ស›› ហើយនឹង ‹‹ខ្មៅ››នោះទេ តែមានប្រផេះច្រើន។ ហើយមិនអាចសន្សំពិន្ទុទុកកាត់ទឹកក៏អត់ដែរ។ ហេតុនេះត្រូវចាំថាទូទាត់ មិនដូច ទាត់ទូទេ ហើយ ទៀងទាត់ខុសពីទាត់ទៀង ពិសេសបើមេអង្គភាពប្រឆាំងពុករលួយជាមុខសញ្ញានៃ ការទាត់នោះទៀតគឺធ្ងន់ណាស់»។
ការលើកឡើងនេះ បានធ្វើឡើង១ថ្ងៃ បន្ទាប់ពីលោករដ្ឋមន្រ្តីបានស្នើឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ចប់ការផ្សាយកម្មវិធី ABC 3 Spring ដោយសារតែកម្មវិធីនេះបានប្រើប្រាស់កាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយដល់អ្នកស្តាប់។
ក្រោយពីមានសំណើនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានសម្រេចបញ្ចប់កិច្ចសហការជាមួយវិទ្យុ ABC ហើយបញ្ឈប់ឱ្យមានការផ្សាយកម្មវិធី ABC 3 Spring នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះតទៅ។
គួរបញ្ជាក់ថា មូលហេតុដែលឈានដល់ការបញ្ឈប់កម្មវិធីខាងលើនេះ បានកើតឡើងបន្ទាប់ពី ពិធីការិនីរបស់ កម្មវិធី ABC 3 Spring ម្នាក់ ឈ្មោះកញ្ញា CK បានផ្លោះតុវេទិកា ទៅដណ្តើមដៃគូរបស់ខ្លួននិយាយបណ្តាលឱ្យសាធារណជនជាច្រើន ធ្វើការរិះគន់ខ្លាំងថា ខ្វះសីលធម៌៕