តារាសម្តែង ថៃ នរពិទូ និងបក្ខពួក ៥នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៧) ៖ តារាសម្តែង ថៃ នរពិទូ និងបក្ខពួក៥នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់ខារ៉ាអូខេ ដឺសោន ហ្វាមីលី នៅខេត្តបាត់ដំបង។ បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបរួចមក ទីតាំងនោះត្រូវបិទជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១៧ វេលា ម៉ោង ១១និង២០នាទី តាមមតិចង្អុលណែនាំពីឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងនោះ លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស និងកម្លាំងបង្ការបង្ក្រាបចុះធ្វើការត្រួតពិនិត្យនៅទីតាំងខារ៉ាអូ ខេមួយកន្លែង ដែលបានផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចហាងខារាអូខេ ឈ្មោះ ដឺសោន ហ្វាមីលី (The Sound Family KTV ) ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៦នាក់។
ក្នុងពេលបង្ក្រាបនោះសមត្ថកិច្ចបានរកឃើញ៖ ថ្នាំញៀនប្រភេទ កេតាម៉ីន Ketamene k ទម្ងន់ ០,៨៨ក្រាម (ពុម្ព)សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន ២ ថ្នាំងុយដេក Diazepam អំពូល ចំនួន២អំពូល Diazepam គ្រាប់ចំនួន ១៦បន្ទះ ដែកកែសចំនួន៣ និងគម្របដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១ បំពង់ទុយោសម្រាប់បឺតចំនួន១ដុំ ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាសអាលុយមីញ៉ូមចំនួន១ដុំ និងសម្បកថ្នាំមួយចំនួន ៕