សម្តេចតេជោ៖ សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មករា ២០១៧) ៖ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បាន រំលឹកប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតឲ្យពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវតាមបណ្តាញសង្គមរបស់សម្តេចផ្ទាល់ថា “កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។
ប្រសិនបើបងប្អូនពិនិត្យ ឃើញឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧”។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧ (៦ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕