រដ្ឋមន្ដ្រីក្រសួងព័ត៌មានអំពាវនាវឲ្យ នាយកសារព័ត៌មានទុកទំព័រមុខសម្រាប់អ្នកធ្វើល្អ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ ធ្នូ ២០១៦) ៖ បន្ទាប់ពីវេទិកានិពន្ធនាយកប្រចាំឆ្នាំ២០១៦ បានបញ្ចប់ទៅ ដោយការប្តេជ្ញាខ្ពស់របស់និពន្ធនាយកនៃសារព័ត៌មាននីមួយៗ ក្នុងការឈប់ចេញផ្សាយនូវរូបភាពហិង្សា និងអាសអាភាសនោះ, រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានចេញការអំពាវនាវថ្មីមួយទៀតគឺសូមឲ្យនិពន្ធនាយកសារព័ត៌មានទាំងអស់ ទុកទំព័រមុខសម្រាប់អ្នកធ្វើល្អ ដើម្បីប្រយោជន៍សង្គម។
អំពាវនាវរបស់លោកខៀវ កាញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបែបនេះ គឺតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលបានបង្ហោះនារសៀលថ្ងៃទី២៨ ធ្នូនេះ។
លោកខៀវ កាញារិទ្ធិ បានសរសេរថា “ឆ្នាំនេះសែនរីករាយដែលវេទិកាប្រចាំឆ្នាំនៃនិពន្ធនាយកកម្ពុជាបានសំរេចទុកទំព័រមុខសំរាប់អ្នកធ្វើល្អដើម្បីផលប្រយោជន៍សហគមន៍ និងសង្គម ព្រោះកន្លងមកបុគ្គលធម្មតាដែលអាចមានមុខលើទំព័រកិត្តិយសនេះទាល់តែជាចោរល្បីឈ្មោះ អ្នកចាប់រំលោភមានស្នាដៃ ឃាតករឯក ប្តីប្រពន្ធកាប់ចាក់គ្នា…. ជាការពិត គេអាចនិយាយថា ព្រោះអ្នកអានខ្មែរចាប់អារម្មណ៍លើរឿងបែបនេះ។
សតវត្សរ៍ទី ២១នេះ យើងគួរប្តូរខ្លះ ហើយចាប់ផ្តើមពីយើងជានិពន្ធនាយកនេះប្រៀបបីដូចជាពេទ្យទំលាប់អ្នកមានវ័យច្រើនអោយបន្ថយអំបិល ឬ អ្នកទឹកនោមផ្អែមអោយបន្ថយស្ករយ៉ាងនោះដែរ”៕