ឯកឧត្តម ខៀវ កាញារីទ្ធ ៖ មិនត្រូវប្រើប្រាស់ Facebook ដើម្បីបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ធ្នូ ២០១៦) ៖ ថ្លែងក្នុងពិធីសម្ពោធ និងចាក់បញ្ចាំងភាពយន្តឯកសារខ្លី នៃគម្រោង Project 3 រដូវកាលទី២ របស់ក្រុមនិស្សិតដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ (DMC) ជំនាន់ទី១៣ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវថា មិនត្រូវប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសអ្នកប្រើគណនីហ្វេសប៊ុក គួរចេះប្រើប្រាស់មធ្យោបាយនេះឲ្យបានសមស្រប និងត្រឹមត្រូវតាមច្បាប់ តាមក្រមសីលធម៌សង្គម មិនត្រូវប្រើប្រាស់ធ្វើឲ្យបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ។
ឯកឧត្តម ក៏បានណែនាំឲ្យនិស្សិត ដែលសិក្សានៅក្នុងដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ត្រូវខិតខំពង្រឹងការសិក្សាលើផ្នែកចំណេះដឹងទូទៅ បន្ថែមទៀត ព្រោះពួកគេភាគច្រើនផ្ដោតតែទៅលើបច្ចេកវិទ្យា ដែលចំណុចនេះលោកបានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកកាសែតចំណេះដឹងទូទៅសំខាន់ណាស់ ដើម្បីវាស់ថា តើដំណឹងនោះត្រឹមត្រូវទេ ការវិភាគនោះត្រឹមត្រូវទេ គេឲ្យយោបល់មកត្រូវទេ ជារឿងសំខាន់»៕