សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ធ្នូ ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេលពីរថ្ងៃ ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីនៅព្រឹកនេះរួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន វ៉ា គឹមហុង, លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អ៊ុក រ៉ាប៊ុន, លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ វេង សាខុន និងសមាជិករាជរដ្ឋាភិបាលដទៃទៀត។
សេចក្តីជូនព័ត៌មានដដែល បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ហើយនៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ហើយនឹងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង (Tran Dai Quang) ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, លោកស្រី ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕