ហិង្សាក្នុងសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
កាត់បន្ថយហិង្សាក្នុងសង្គមដោយកាត់បន្ថយខ្លឹមសារហិង្សារតាមប្រព័ន្ធផ្សព្វផ្សាយ
មានការស្រាវជ្រាវជាច្រើនបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីតំលៃវប្បធម៍ និងសង្គម និងមានឥទ្ធិពលលើសាធារណៈជាទូទៅទាំងវិជ្ជមាននិងអវិជ្ជមាន។ មានការបង្ហាញថា អំពើហិង្សាតាមទូរទស្សន៍មានឥទ្ធិពលអវិជ្ជមានលើអ្នកទស្សនា ជាពិសេសកុមារដែលការបង្ហាញនោះធ្វើឲ្យពួកគេធ្វើតម្រាប់តាម។ ការស្រាវជ្រាវទាំងនោះរកឃើញថា កម្មវិធីទូរទស្សន៍ដែលផ្ទុកខ្លឹមសារហិង្សាពីដៃគូស្និទ្ធស្នាលអាចមានឥទ្ធិពលអវិជ្ជមានដល់អ្នកទស្សនាដូចជា ៖ (១) ធ្វើឲ្យអ្នកទស្សនាយល់ថាអំពើហិង្សាជារឿងធម្មតា ហើយវាមិនសូវមានការយកចិត្តទុកដាក់ពីសង្គម។ (២) ជំរុញឲ្យសង្គម និងជនរងគ្រោះទទួលយកនូវអំពើហិង្សាពីដៃគូស្និទ្ធស្នាល និង (៣) ជំរុញឲ្យមានការកើនឡើងនូវអាកប្បកិរិយាហិង្សា (មើល TAF ២០១៥)។
បើតាមការវិភាគឡើងវិញដោយអង្គការមូលនិធិអាស៊ីឆ្នាំ២០១៥លើទិន្នន័យនៃការអង្កេតរបស់ក្រសួងកិច្ចការនារីឆ្នាំ២០០៥ រកឃើញថាអ្នកទស្សនាងាយនឹងក្លាយខ្លួនជាជនរងគ្រោះនៃអំពើហិង្សាលើដៃគូសិ្នទ្ធស្នាលដល់ទៅ១៧៨%ច្រើនជាងអ្នកដែលមិនបានទស្សនាទូរទស្សន៍។
ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តទី១ លទ្ធផលទី៨ នៃផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីទី២ ២០១៤-២០១៨ ចែងថាត្រូវបង្កើនការលើកកម្ពស់ការផ្សព្វផ្សាយដែលអហិង្សានិងមានសមធ៌មយេនឌ័រ អង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំសកម្មភាពមួយចំនួនក្នុងគោលបំណងជម្រុញឲ្យមានការចូលរួម និងពន្លឿនការរៀបចំក្រមសីលធ៌ម និងយន្ដការផ្សេងៗពីស្ថាប័នពាក់ព័ន្ធក្នុងការបញ្ឈប់ការផ្សព្វផ្សាយខ្លឹមសារហិង្សាក្នុងកម្មវិធីទូរទស្សន៍។
សកម្មភាពសម្រាប់យុទ្ធនាការ១៦ថ្ងៃ ក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីឆ្នាំ២០១៦ រួមមាន យុទ្ធនាការអនឡាញ មិនមែនអនឡាញ ការប្រកួតប្រជែង ដែលទទួលបានគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលីតាមរយៈអង្គការមូលនិធិអាស៊ី និងកិច្ចសហការជាមួយអង្គការស្រ្តីខ្មែរ អង្គការយេនឌ័រនិងអភិវឌ្ឍដើម្បីកម្ពុជា និងបណ្ដាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងនៅកម្ពុជា។ គោលបំណងនៃយុទ្ធនាការនេះគឺលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់របស់ខ្លឹមសារហិង្សាលើស្ត្រីឬដៃគូស្និទ្ធស្នាលក្នុងកម្មវិធីទូរទស្សន៍។
សាធារណៈជនដែលចាប់អារម្មណ៍យុទ្ធនាការនេះ អ្នកចូលរួមអាចប្រើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនក្នុងការ បង្ហោះ(Post)រូបថតឬវីដេអូខ្លី ចែករំលែក (Share ) និង បញ្ចេញមតិ (Comment) ដែលភ្ជាប់ជាមួយការពន្យល់ពីផលប៉ះពាល់អវិជ្ជមាននៃខ្លឹមសារហិង្សាលើស្ត្រីឬដៃគូស្និទ្ធស្នាលក្នុងកម្មវិធីទូរទស្សន៍។ អ្នកចូលរួមអាចទាយយកវីដេអូខ្លីដែលផលិតដោយវិទ្យាស្ថានបើកទូលាយ និងសម្ភារៈផ្សព្វផ្សាយដទៃទៀតតាមតំណ http://goo.gl/DVkjU9។ រាល់ការបង្ហោះរូបថតឬវីដេអូខ្លី ចែករំលែក និង បញ្ចេញមតិសូមវាយ #16endipv។ ជាមួយគ្នានេះដែរអ្នកចូលរួមក្នុងយុទ្ធនាការនេះនឹងទទួលបានរង្វាន់ជាការលើកទឹកចិត្តចំនួន១០រង្វាន់ផងដែរដែលការប្រកាសពីជ័យលាភីនឹងរៀបចំនៅសាលប្រជុំកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
ក្រៅពីយុទ្ធនាការតាមរយៈអ័នឡាញជាប្រចាំថ្ងៃរយៈពេល១៦ថ្ងៃនេះ អ្នកចូលរួមអាចផ្ដល់ការគាំទ្រការបញ្ឈប់អំពើហិង្សាពីដៃគូស្និទ្ធស្នាលដោយការចូលទៅកាន់តំណ http://goo.gl/B2afQd។ ក្រៅពីនេះសាធារណៈជននឹងអាចទទួលបានសារជាគន្លឹះស្ដីពីការមិនគាំទ្រកម្មវិធីទូរទស្សន៍ដែលមានបង្ហាញខ្លឹមសារលើដៃគូស្និទ្ធស្នាល តាមការចែកជូននូវស្លាក និងញ្ញាតិគាំទ្រផងដែរ។