មនុស្ស ១៥នាក់ស្លាប់ និង ៦នាក់ទៀតកំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅវៀតណាម
សារព័ត៌មាន Cambodia News/
វៀតណាម (០៨ វិច្ឆិកា ២០១៦) ៖ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកជំនន់ក្នុងភាគកណ្ដាលប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួនកាលពីចុងសប្ដាហ៍នេះ។
អាជ្ញាធរប្រចាំតំបន់ក្នុងខេត្ត Phu Yen បានចល័តកងកម្លាំងសន្តិសុខកាលពីថ្ងៃអាទិត្យ ដើម្បីជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ខណៈលំនៅឋានរបស់ពួកគេត្រូវបានលិចលង់ដោយទឹកជំនន់។ ក្នុងផ្នែកខ្លះនៃខេត្តនេះចរាចរណ៍ត្រូវបានកកស្ទះ គ្រាដែលផ្លូវមួយចំនួនរងការខូចខាតដោយសារបំណាក់ដី បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តមិនដាច់។
របាយការណ៍មួយផ្សេងទៀតទទួលបានពីគណៈកម្មាធិការកណ្ដាល បង្ការគ្រោះមហន្តរាយជាតិបាននិយាយថា ខេត្តចំនួន៦ ក្នុងភាគកណ្ដាលប្រទេសវៀតណាម និងតំបន់ខ្ពង់រាបភាគកណ្ដាលរបស់ប្រទេសនេះ ត្រូវបានវាយប្រហារដោយទឹកជំនន់ ខណៈផ្ទះចំនួន ៤៥០០០ខ្នងរងការខូចខាត, កសិដ្ឋានចិញ្ចឹមគោក្របី និងកសិដ្ឋានចិញ្ចឹមមាន់ ៤៣០០០កន្លែង និងដំណាំស្រូវ, ដំណាំអំពៅ និងបន្លែសរុប ១២០០០ហិចតាស្ថិតនៅក្រោមទឹកជំនន់៕