វិក្កយបត្រទឹកនឹងចេញភ្លាមៗជូនអតិថិជននៅនឹងគេហដ្ឋាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ វិច្ឆិកា ២០១៦) ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការអានលេខនាឡិកាទឹក និងសាកល្បងប្រើប្រាស់ឧបករណ៍បោះពុម្ពវិក្កយបត្រថ្លៃទឹកផ្ទាល់នៅទីតាំង ដោយបោះពុម្ពវិក្កយបត្រថ្លៃទឹកជូនដល់អតិថិជនបានភ្លាមៗតែម្តង ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់និងសុក្រឹត្យ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថាការសាកល្បងនេះនឹងអនុវត្តជាដំបូងសម្រាប់ទីលំនៅក្នុងខណ្ឌចំការមន។
តាមរយៈសេចក្តីជូនដំណឹងចេញផ្សាយនាថ្ងៃទី២វិច្ឆិកានេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសំណូមពរដល់គ្រប់អតិថិជនទាំងអស់ត្រូវមានប្រអប់សំបុត្រនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការយកវិក្កយបត្រថ្លៃទឹកទៅសៀតនៅរបង ឬទ្វារផ្ទះ ក្នុងករណីអតិថិជនមិននៅផ្ទះ ឬ ផ្ទះជាប់សោរ បណ្តាលឲ្យបាត់បង់ដោយប្រការណាមួយ៕