បាក់ស្ពានអាកាសនៅអ៊ីតាលី ស្លាប់ម្នាក់ របួស៥នាក់
សារព័ត៌មាន Cambodia News/
អីុតាលី (០១ វិច្ឆិកា ២០១៦) ៖ បាក់ស្ពានអាកាសមួយកន្លែង នៅក្នុងប្រទេសអីុតាលី បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួស៥នាក់ផ្សេងទៀតផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងនៅលើផ្លូវភ្លោះមួយកន្លែង ស្ថិតក្នុងខេត្ត Lecco រដ្ឋធានី Milan ភាគខាងជើងប្រទេសអ៊ីតាលី ខណៈរថយន្តដឹកទំនិញធន់ធំ ដ៏ធ្ងន់មួយគ្រឿង បានបើកឆ្លងកាត់។
ក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវសំខាន់ៗរបស់អីុតាលី បានស្តីបន្ទោសហេតុការណ៍នេះទៅលើ អាជ្ញាធរមូលដ្ឋាន ដោយនិយាយថា ពួកគេបានទាមទារឲ្យអាជ្ញាធរ បិទស្ពាននេះជាបន្ទាន់មកម៉្លេះ ពោលគឺតាំងពីប៉ុន្មានម៉ោងមុន មុនពេលកើហេតុ បន្ទាប់ពីកម្មកររកឃើញថា ស្ពានអាកាសមួយខ្សែនេះមានបញ្ហាដោយស្នាមប្រេះ តែផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋាន បែរជាមិនអើពើនោះឡើយ។ ខណៈពេលនេះ ការស៊ើបអង្កេត លើបទព្រហ្មទណ្ឌបឋម ក៏ត្រូវបានធ្វើឡើងទាក់ទងទៅនឹង ឧបទ្ទវហេតុខាងលើនេះផងដែរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ៥និង២០នាទីល្ងាច ម៉ោងនៅក្នុងតំបន់ ខណៈពេលដែលរថយន្តដឹងទំនិញដ៏ធ្ងន់១គ្រឿង ដែលមានទម្ងន់ប្រមាណ១០៨តោន បានបើកឆ្លងកាត់ ។ យ៉ាងហោចណាស់ រថយន្តប្រមាណជា ៤គ្រឿងផ្សេងទៀត ដែលត្រូវបានជាប់ទាក់ទងនឹងករណីខាងមួយនេះ ខណៈរថយន្តមួយគ្រឿង ក៏ត្រូវបានស្ពានបាក់សង្កត់ពីលើផងដែរ៕