សម្តេច ហ៊ុនសែន អំពាវនាវឲ្យជនរួមជាតិនាំកូនទៅចុះឈ្មោះចូលរៀននាថ្ងៃបើកបវេសនកាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ វិច្ឆិកា ២០១៦) ៖ ថ្លែងនៅក្នុងសារសម្រាប់ឱកាសបើកបវេសនកាល នាថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការអំពាវនាវឲ្យជនរួមជាតិទាំងអស់នាំគ្នាយកកូនទៅចុះឈ្មោះ ចូលរៀននៅក្នុងឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ ៗ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និង បច្ចេកវិទ្យាព័ត៍មានបាននិងកំពុងទទួលនូវឧត្តមភាពយ៉ាងខ្លាំង។ ប៉ុន្តែទោះបីជាបច្ចេកវិទ្យាមានការវិវឌ្ឍយ៉ាង ខ្លាំងក៏ដោយ ក៏មិនអាចទៅជំនួសឲ្យធនធានមនុស្សបានឡើយ ។
សង្គមជាតិមួយអាចរីកចំរើនទៅបាន មិនប្រាកដថាសង្គមជាតិនោះត្រូវសម្បូណ៍ទៅដោយធនធានធម្មជាតិនោះទេ តែផ្ទុយមកវិញសង្គមជាតិដែលសម្បូណ៍ដោយធនធានមនុស្សប្រកបដោយសក្តានុពលអាចប្រែក្លាយសង្គមជាតិរបស់ខ្លួនឲ្យមានការអភិវឌ្ឍជឿនលឿនបានយ៉ាងរឹងមាំ។
សម្តេចតេជោបានបន្តថា ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និង បច្ចេកវិទ្យាព័ត៍មាន នេះឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយនៅតែអាស្រ័យជាសំខាន់លើកត្តាធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ ទូលំទូលាយ មានភាពច្នៃប្រឌិត និង មានជំនាញច្បាស់លាស់៕