តម្លើងភ្លើងស្តុបថ្មី១០០កន្លែង និងបំពាក់កាមេរ៉ាសុវត្ថិភាព ២៦កន្លែងក្នុងក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ២៦ តុលា ២០១៦) ៖ អង្គភាពជំនាញរដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមតម្លើងបង្គោលភ្លើងស្តុបថ្មីចំនួន១០០ទីតាំងនិងតម្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពចំនួន២៦កន្លែង កាលពីថ្ងៃទី២៥ ខែតុលា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធររាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។
ភ្លើងស្តុបថ្មីនេះ មានការត្រួតពិនិត្យនិងបញ្ជាភ្លើងស្តុបចរាចរណ៍ដោយប្រព័ន្ឋស្វ័យប្រវត្តិនៅបន្ទប់ត្រួតពិនិត្យ Control Room មួយនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញតែម្តងដែលសម្ភារៈនិងបរិក្ខារភ្លើងស្តុបនេះមានលក្ខណៈទំនើបជាផលិតផលក្រុមហ៊ុនMitsubishiរបស់ប្រទេសជប៉ុន។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ចំណែកភ្លើងស្តុបចាស់ៗត្រូវបានដកចេញនិងយកទៅដាក់ជំនួសនៅតាមផ្លូវជាយក្រុងដែលគម្រោងនេះមានទឹកប្រាក់ប្រមាណជាង១៨លានដុល្លារ។
គួបញ្ចាក់ថា ការតម្លើងភ្លើងស្តុបថ្មីចំនួន១០០កន្លែងនិងបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីសម្រួលការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋនិងងាយស្រួលគ្រប់គ្រងបទល្មើសផ្សេងៗ៕