ក្រោយរួមរ័ករួចព្រឹកឡើងខាងស្រីត្រដខ្យល់នឹងគាំងបេះដូងស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៦) ៖ នៅថ្ងៃទី២៥ តុលា នារីខារ៉ាអូខេម្នាក់បានត្រដខ្យល់ និងគាំងបេះដូងស្លាប់ ក្រោយពីនាងរួមភេទជាមួយបុរសម្នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងសណ្ឋាគារ «មេគង្គ ហេង មហាផល» ស្ថិតលើវិថីកែវចិន្តា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភពព័ត៌មានឱ្យដឹងថា នារីរងគ្រោះដែលស្លាប់មានឈ្មោះទុំ គឹមហ៊ឺ អាយុ២៥ឆ្នាំ ជានារីខារ៉ាអូខេ៧២ ម្តុំដំបូកខ្ពស់ មានស្រុកកំណើតនៅភូមិព្រែកបុក ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល ។ រីឯបុរសជាមន្ត្រីអាវុធហត្ថនោះ មិនត្រូវបានស្គាល់ឈ្មោះទេ ។
ប្រភពបន្តថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងពិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរសអាវុធហត្ថ នៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួច ពួកគេទាំង២នាក់ ធ្វើដំណើរមករួមរ័កគ្នានៅក្នុងសណ្ឋាគារខាងលើ ។
លុះនៅវេលាម៉ោង០៥ព្រឹកថ្ងៃ២៥ ក៏មានការភ្ញាក់ផ្អើលថា នារីរងគ្រោះបានត្រដខ្យល់រហូតគាំងបេះដូងស្លាប់តែម្តង ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យរួច នឹងប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕