AEON ទី២ នឹងមានកន្លែងធ្វើលិខិតឆ្លងដែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៦) ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបំពាក់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ នៅលើផ្សារទំនើប AEON ទី២ នៅបែកខាងពាយ័ព្យក្រុងភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខនេះ ខណៈដែលផ្សារ AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល គឺនៅផ្សារទំនើប AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ហើយនៅផ្សាទំនើប AEON 2 ក៏នឹងមានកន្លែងធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋផងដែរ ក្រោយពីបានសាងសង់រួចជាស្ថាពរហើយនោះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «សព្វថ្ងៃនេះបច្ចេកវិទ្យាក៏បានជួយសម្រួលដល់សេវាសាធារណៈ បានមួយកម្រិតធំដែរ ដូចជា ការបង់ពន្ឋរថយន្ត និងធ្វើស្លាកលេខ Online, ទិដ្ឋាការ, ការបើកប្រាក់បៀវត្សន៍ និងបង់ពន្ឋតាមកាត ATM និងសេវាផ្សេងៗជាច្រើនទៀត»៕