សម្តេចតេជោ ស្នើអ្នកនយោបាយកម្ពុជា កុំកេងចំណេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកនយោបាយគួរបកស្រាយឲ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយកុំយករឿងនេះដើម្បីកេងចំណេញនយោបាយ។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលបែបនេះ គ្រាដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា អ្នកនយោបាយទាំងឡាយបកស្រាយនូវព្រឹត្តិការណ៍ទីក្រុងប៉ារីសឲ្យបានច្បាស់លាស់ ជាជាងការប្រើប្រាស់ នូវបញ្ហាទាំងនោះ កេងចំណេញនយោបាយដោយខ្វះការទទួលខុសត្រូវរហូតទៅដល់មានការក្លែងបន្លះ នូវខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស… កិច្ចព្រមព្រៀងប៉ារីសបាននិងកំពុងតែក្លាយខ្លួនទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ”។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “បើគ្មានការចរចារវាងសីហនុ-ហ៊ុនសែន គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ ។…បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ…”៕