ប្រាក់ខែគ្រូបង្រៀននឹងឡើងដល់ជាង ៩៥ម៉ឺនរៀលនៅឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ តុលា ២០១៦) ៖ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយ នៅព្រឹកថ្ងៃច័ន្ទទី៣ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រាក់ខែអប្បបរមារបស់គ្រូបង្រៀនក្នុងឆ្នាំ២០១៧ នឹងឡើងដល់ចំនួន៩៥៣,៥០០រៀល (សើ្មប្រហែល២៣០ដុល្លារអាមេរិក) ដោយមិនទាន់បូកប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។
សមតេច ហ៊ុន សែន បញ្ជាក់ថា ប្រាក់ខែគ្រូបង្រៀនរបស់យើងនៅឆ្នាំនេះមានត្រឹម៨០ម៉ឺន៥០០រៀល នៅខែមករា ឆ្នាំ២០១៧គ្រោងនឹងឡើង៨៥ម៉ឺន៣.៥០០រៀល ដល់ទៅខែមេសានឹងឡើងទៅដល់៩៥ម៉ឺន៣.៥០០រៀល ដូច្នេះនៅទីជនបទមួយចំនួននឹងរៀបចំឲ្យមានប្រាក់តំបន់ ដែលមានតំបន់ខ្លះ មាន៨ម៉ឺន មាន១០ម៉ឺន និងមាន១២ម៉ឺន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានកំណត់ដំឡើងប្រាក់ខែមន្ត្រីរាជការរៀងរាល់ឆ្នាំទៅតាមចំណូលថវិកាជាតិ ក្នុងនោះប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀននៅក្រសួងអប់រំ និងក្រសួងសុខាភិបាលមានអត្រាខ្ពស់ជាងគេ។ រាជរដ្ឋាភិបាលក៏បានកំណត់គោលនយោបាយដំឡើងប្រាក់ខែមន្ត្រីរាជការ យ៉ាងតិច១លានរៀល ក្នុងឆ្នាំ២០១៨៕