សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋធ្វើយ៉ាងណាឲ្យស្រូវស្ងួតទើបអាចលក់បានថ្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវជាថ្មីម្ដងទៀត ឲ្យគ្រប់ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យមែនទែន ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវជូនដល់ប្រជាកសិករ។
សម្តេចតេជោ ហ៊ុន សែត បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នេះ។
សម្ដេចបានបន្ដថាបញ្ហាដែលចោទឡើងគឺដោយសារតែប្រជាពលរដ្ឋច្រូតស្រូវក្នុងដំណាក់កាលស្រុះគ្នាលើផ្ទៃដីរាប់ម៉ឺនហិចតា ហើយស្រូវទាំងនោះមានសភាពសើម ស្របពេលម៉ាស៊ីនសំងួតមានតែ២កន្លែង ដែលអាចសំងួតបានតែ១ពាន់តោនក្នុងមួយថ្ងៃហេតុនេះសម្ដេច ក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា គួរធ្វើយ៉ាងណាឲ្យស្រូវបានស្ងួតបន្ដិច ទើបអាចលក់បានថ្លៃ។
សម្ដេចបានបញ្ជាក់ថា រឿងធំចំពោះតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ គឺមិនមែនដោយសារតែរដ្ឋាភិបាលខ្វះលុយទិញស្រូវនោះទេ តែនោះគឺដោយសារតែស្រូវសើម ហើយរដូវនេះជារដូវភ្លៀង គ្រាដែលកម្ពុជាកំពុងខ្វះម៉ាស៊ីនសម្ងួត៕