ក្រសួងសុខាភិបាល​៖ ​Zika​ ឆ្លងតាម​ការ​រួម​ភេទ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ កញ្ញា ២០១៦) ៖ ក្រៅពីចម្លងដូចគ្រុនឈាម ហ្សីកា ក៏អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​អ្ន​ក​ដែល​មាន​ផ្ទុក​មេរោគ​ហ្សីការដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង សុខាភិបាល ចេញផ្សាយឱ្យដឹងនៅថ្ងៃទី១៣ កញ្ញា​ការ​ចម្ល​ង​នេះ គឺដោយសារតែមេរោគហ្សីកា មាននៅក្នុង ទឹកកាម, ឈាម, ទឹកនោមទឹកភ្លោះ, ទឹកមាត់ ព្រមទាំងសារធាតុរាវដែលមាននៅក្នុងខួរក្បាល និង ខួរឆ្អឹងខ្នងជាដើម។

ក្រៅពីនេះ ក្រសួងក៏បានចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លង និង ការរីករាល ដាល នៃ ជំងឺនេះផងដែរ ក្នុងនោះ មានដូចជាបំបាត់ជម្រកមូសខ្លា, ស្លៀកពាក់ខោជើងវែង អាវដៃវែង ពាក់ស្រោមជើង, ប្រើស្ព្រាយ(Spray)បាញ់ ឬ លាបថ្នាំប្រភេទឡេ រ៉េបផេលេន(Repellent) លើស្បែក ដើម្បីការពារកុំឱ្យមូសមកជិត, សម្រាន្តក្នុងមុង, បើកបង្អួច ឱ្យមានពន្លឺ និង ខ្យល់ចេញចូលក្នុងផ្ទះ, ស្ត្រីមានផ្ទៃពោះ ឬ មានគម្រោងមានផ្ទៃពោះមិនត្រូវធ្វើដំណើរទៅតំបន់ដែលមានផ្ទុះជំងឺនេះ, បុរស ឬ ស្ត្រីដែលត្រឡប់មកពីតំបន់ ដែលមានផ្ទុះករណីនេះ បើចង់រួមភេទត្រូវ ប្រើស្រោមអនាម័យ ឬ តមកុំរួមភេទ តិចបំផុតក៏ ៦ ខែដែរ។

ចំពោះអ្នកដែលចង់មានផ្ទៃពោះ ហើយទើបតែត្រឡប់មកពីតំបន់ដែលមានផ្ទុះជំងឺនេះ ត្រូវរង់ចាំយ៉ាងតិច ៦ ខែដែរ មុនពេលព្យាយាមចង់មានផ្ទៃពោះ។ ចំណែកស្ត្រីដែលមានផ្ទៃពោះ ហើយមានផ្ទុករោគសញ្ញាហ្សីកា ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានញឹកញាប់ ដោយគ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និង គ្រូពេទ្យដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវជាដើម។

ប្រភពពីក្រសួងសុខាភិបាលដដែលបញ្ជាក់បន្ថែមថា ជំងឺនេះ នឹងជាសះស្បើយទៅវិញ ក្នុង អំឡុងចាប់ពី ២ ថ្ងៃ ដល់ ៧ ថ្ងៃ។ ចំពោះរោគសញ្ញាដែលសង្ស័យថា កើតមានជំងឺហ្សីកាវិញ មានដូចជា គ្រុនក្ដៅ, ឈឺក្បាល, មានកន្ទួលក្រហមលើស្បែក, ក្រហមភ្នែក, ឈឺសន្លាក់ និង អាចមានករណីទន់ដៃទន់ជើងតិចតួច។ជំងឺនេះ មិនបណ្ដាលឱ្យស្លាប់នោះទេ ហើយបើមាន គឺក្នុងកម្រិតតិចតួចបំផុត។

សូមរម្លឹកផងដែរថា កាលពីអំឡុងឆ្នាំ ២០០៧ ដល់ ២០១០ កម្ពុជាធ្លាប់រកឃើញករណីជំងឺ ហ្សីកានេះ ចំនួន ០៧ ករណីដែរ។ នៅក្នុងការរកឃើញជំងឺនេះ កម្ពុជាមិនបានរកឃើញករណីទារកមានក្បាលតូច កើតមាននៅក្នុងប្រទេសរបស់ខ្លួននោះទេ។ ក្រៅពីនេះ កម្ពុជា មិនដែលរកឃើញករណីជំងឺនេះទៀតឡើយជំងឺហ្សីកាដែលរកឃើញនៅកម្ពុជា គឺចម្លងតាមរយៈមូសខ្លានៅក្នុងប្រទេស មិនមែនជាជំងឺ ឆ្លងមកពីទ្វីបអាមេរិក និង អាហ្វ្រិកនោះទេ៕

4

3

Related Articles

Back to top button
Close
Close