ខណៈរដ្ឋឡើងមកគាំទ្រ លោក កឹម សុខា សមត្ថកិច្ចដាក់របាំងបន្លាលួស នៅច្រកចូលភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ កញ្ញា ២០១៦) ៖ នៅតាមផ្លូវសំខាន់ៗមួយចំនួនចូលមករាជធានីភ្នំពេញ សមត្ថកិច្ចបានដាក់របាំងបន្លាលួស ខណៈដែលសកម្មជនគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រកាសឡើងមកគាំទ្រ លោក កឹម សុខា នៅថ្ងៃបើកសវនាការ។
របាំងបន្លាលួសត្រូវបានដាក់នៅតាមផ្លូវជាតិ៦ក្នុងឃុំព្រែកអញ្ចាញខេត្តកណ្តាល ជាច្រកចូលសំខាន់មួយ មកពីខេត្តកំពង់ចាមនិងត្បូងឃ្មុំ ដែលគណបក្សសង្រ្គោះជាតិឈ្នះអសនៈគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣។
វិធានការរបស់អាជ្ញាធរនេះធ្វើឡើងមុនពេលដែលតុលាការបើកសវនាការករណី លោក កឹម សុខា នៅថ្ងៃទី៩ខែកញ្ញានេះ ដោយគណបក្សសង្រ្គោះជាតិអំពាវនាវឲ្យសកម្មជនឡើងមកគាំទ្រតាមគម្រោងប្រហែល១០០០នាក់។
គួរបញ្ជាក់ថា កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានដាក់លក្ខខណ្ឌចំពោះការជួបជុំអ្នកគាំទ្របក្សប្រឆាំងនោះ ដោយមិនឲ្យមានការជួបជុំហៀមកលើចិញ្ចើមថ្នល់នៅមុខស្នាក់ការបក្ស មិនឲ្យភ្ជាប់ការជួបជុំនេះទៅសវនាការលោក កឹម សុខា និងហាមមិនឲ្យរិះគន់ឬក៏ជេប្រមាថលើរដ្ឋាភិបាលឡើយ៕ ដោយ៖ សហការី