ក្រសួងធនធានទឹកអំពាវនាវ ឱ្យអ្នកនៅតំបន់ជាប់ សមុទ្រប្រុងប្រយ័ត្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ កញ្ញា ២០១៥) ៖ ក្រសួងធនធាន ទឹកអំពាវនាវ ឱ្យអ្នកនៅតំបន់ជាប់សមុទ្រប្រុងប្រយ័ត្នពីខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៩ដល់ ១២ កញ្ញា ខាងមុខនេះ ។
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ៦កញ្ញានេះ បានផ្សព្វផ្សាយ ពីស្ថានភាពអាកាស ធាតុ ឱ្យដឹងថា ខ្យល់មូសុងនិរតី បានកំពុងតែបង្កើនឥទ្ធិពលមកលើកម្ពុជា និងលើឈូងសមុទ្រថៃ ដោយឡែកប្រព័ន្ធសម្ពាធទាបដែលកំពុងតែអូសកាត់លើអាងទន្លេមេគង្គនោះ នឹងរំកិលចុះជាបន្តបន្ទាប់ មកភាគខាងត្បូង ហើយនៅថ្ងៃទី១១ ខែកញ្ញា ប្រព័ន្ធសម្ពាធទាបនេះ អាច នឹងអូសកាត់លើខេត្តស្ទឹងត្រែងផងដែរ ។
យោងតាមការព្យាករណ៍ ដដែលនេះ ក្រសួងធនធានទឹក ក៏បានបញ្ជាក់បន្តថា របាយទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្រប ខ័ណ្ឌទូទាំងប្រទេស ឯតំបន់មាត់សមុទ្រវិញ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំងឡើងជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ ។
ក្រសួងធនធានទឹក និងឧតុនិយមក៏ស្នើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ព្រោះមានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី ០៩ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦៕