សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូលអាស៊ាននៅឡាវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កញ្ញា ២០១៦) ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមបង្ហោះកាលពីព្រឹកថ្ងៃទី៤ កញ្ញា បានបញ្ជាក់ថា «ការប្រជុំរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើកនៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័តនៅក្នុងអង្គប្រជុំនេះ» ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងខិតខំចូលរួមចំណែកដើម្បីជោគជ័យនៃគ្រួសារអាស៊ាន អាស៊ានបូក៣ អាស៊ានបូក១ និងអាស៊ីបូព៌ា» ៕