ការធ្វើជំនួញលើខ្មោច ទុកឲ្យខ្មោចទូទាត់

បទអត្ថាធិប្បាយ​
ឆាយ សុផល

ខុស​ផ្លែក​ពី​អ្នកប្រកបរបរទទួល​រៀបចំបុណ្យសព មានដូច​ជា ​​អ្នកធ្វើម្ហូប អ្នកលក់ក្តារមឈូស ពេទ្យ​ចាក់​ថ្មាំរក្សាសព អាចារ្យខ្មោចខ្មែរចិន អ្នក​ទទួល​រៀបចំ​ដាក់​ផ្កាភ្ញី។ល។ គឺតែងតែទទួលបានប្រាក់កំរៃខ្លះពីសេវា​និងការចំណាយមុនរបស់ខ្លួន។ ក្រៅពីនោះ ដូចជា បងប្អូន សាច់ញាតិ មិត្តភក្តិ និងសហការីនៃសពព្រម​ទាំងអ្នកទីទៃមិនត្រូវចង់បានចំណេញទាំងលុយកាក់ នយោបាយ និងអំណាច ពីសពឡើយ។

ការយកចំណេញពីសពគឺនាំមានបញ្ហាពីរគឺ៖

ទី១៖ ​ការកឹបកេងផ្នែក “លុយកាក់” ពីបុណ្យសពដែលធ្វើឲ្យអ្នកនៅរស់ជួបបញ្ហា គឺជាអំពើថោកផង និងអំពើបាបផង។ បើទោះជាអ្នកទទួលរងនៃការកឹបកេងខ្លះមិនចង់តតាំង ទោះជាលុយកាក់នោះប៉ុន្មាន​ក៏ដោយ ក៏​ព្រលឹង​ខ្មោចនឹងជួយទូទាត់ជំនួសនៅពេលណាមួយដែរ។ វា​ក៏រិត​តែ​ស្មោកគ្រោក និងថោកសួពូជ​ទៅទៀត នៅពេលដែលខ្លួនកឹបកែលុយបុណ្យសពហើយ ខ្លួនបែរជាបំភ្លៃ​ដំណឹង​បែបលាមក​ឲ្យ​​គេឯងយល់ច្រឡំថា ខ្លួន​ដែល​ជា​អ្នកកឹបកេងលុយជាមនុស្សចិត្តធម៌ ជាអ្នកធ្វើបុណ្យ ហើយមកទម្លាក់កំហុសលើអ្នកដែលចំណាយដោយស្មោះទាំងកម្លាំងកាយ និង​ចិត្ត​ ព្រម​ទាំង​ប្រាស់​កាស​ដែលខ្លួនមានបន្តិចបន្តួច​ថា​ជា​មនុស្ស​អាក្រក់​ទៅ​វិញ។ ទោះជាយ៉ាងនេះក្តី អំពើថោកនៅតែថោក និង​ទុយ៌យ អសោចកេរ្ត៌ ឆ្អេះឆ្អាប ស្អុយ​ជាង​លាមកទាំងនៅក្នុងចំណោមបងប្អូនញាតិមិត្ត និងក្នុងសង្គម បើទោះជាខ្លួនធ្វើឬកខែង​រែង ថ្កំថ្កើងក៏ដោយ។

ទី២៖ រឿង​កឹបកេងចំណេញផ្នែក “នយោបាយ និងប្រយោជន៍អំណាច” ពីខ្មោចគឺមានកក្តាពីរទី១ មនុស្ស​បានស្លាប់​ទៅ​ជា​សាកសព​គឺជាការ​សោក​សង្រេង​ពេក​ណាស់​​ទៅហើយរបស់គ្រួសារនៃសព ហើយទី២គឺរិតតែធ្វើឲ្យក្តុកក្តួលរំ​ជួល​​ចិត្តបន្ថែមទៀត ​ដែលយកខ្មោចទៅធ្វើជំនួញយកចំណេញទៅតាមមហិច្ឆតារបស់​​ខ្លួន ដែល​ធ្វើព្រលឹងខ្មោចខ្លោចផ្សារ​នៅវិលវល់រកចាប់ជាតិមិនបាន។

គិត​​ទៅមនុស្សលោក (មិនទាំងអស់នោះទេ) កុំថាឡើយយកចំណេញលើមនុស្សនៅរស់ ពេលមនុស្សក្លាយខ្មោចក៏នៅតាមកេងចំណេញតាមជំនាញបែបថោក ឬ​​ថ្លៃ​រៀងៗ​ខ្លួន​ដែរ។ បើធ្វើអីចឹងបានចេះតែធ្វើទៅ ចាំទុកឲ្យខ្មោចទូទាត់សងវិញ ទៅតាមជំនាញរបស់ខ្មោចទៅចុះ៕

Related Articles

Back to top button
Close
Close