តុលាការចេញដីកាកោះហៅលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ពាក់ព័ន្ធបណ្តឹងរបស់សម្តេចតេជោ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៦៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឱ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង៣០នាទីព្រឹក។
លោក លី សុផាណា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចេញដីកាកោះហៅនេះ, ដោយលោកមេធាវី គី តិចនឹងចូលឆ្លើយនៅថ្ងៃទី០៥ ខែសីហា ២០១៦ពេលព្រឹក។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១ សីហា តាមរយៈ លោក គី តិច មេធាវីជំនួសមុខឱ្យដើមបណ្តឹង សម្ដេចតេជោហ៊ុន សែនបានប្តឹងទាមទារសំណងជំងឺចិត្ត ម្នាក់មួយរយរៀល ពីលោកសម រង្ស៊ីប្រធានបក្សសង្គ្រោះជាតិ និងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាស្ត្រីបក្សសម រង្ស៊ី មណ្ឌលខេត្តរតនគីរី ដែលចោទប្រកាន់សម្ដេចថា ជាអ្នកពាក់ព័ន្ធនឹងការបាញ់លោកបណ្ឌិត កែម ឡី៕