សម្ដេចតេជោ ហ៊ុន សែន ហាមអាមេរិកមិនឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៦) ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត កុំឱ្យប្រទេសនានាដូចជាសហរដ្ឋអាមេរិកជាដើម ជ្រៀតជ្រែកក្នុងរឿងនយោបាយនិងកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចៗ ដោយសម្ដេចបានអះអាងថា ការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកកន្លងមក មិនបានធ្វើឲ្យប្រទេសទាំងនោះមានស្ថានភាពប្រសើរឡើងនោះទេ។
ការលើកឡើង របស់ប្រមុខរដ្ឋាភិបាលបែបនេះ ហាក់ជាការឆ្លើយតបទៅនឹងសេចក្ដីសម្រេចចិត្តលេខ៧២៨ ដែលធ្វើឡើងដោយអនុកម្មការកិច្ចការបរទេសនៃសភាអាមេរិក កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ ដែលជំរុញឱ្យសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា បញ្ចប់រាល់ការយាយី និងការគំរាមកំហែង គណបក្សប្រឆាំងនៅកម្ពុជាព្រមទាំងបានទាមទារឱ្យសម្ដេចតេជោចុះចេញ ពី តំណែងជានាយករដ្ឋមន្ដ្រី៕