យន្តហោះ ហោះទៅបុកស្ពាន បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន
សារព័ត៌មាន Cambodia News/
ចិន (២១ កក្កដា ២០១៦) ៖ យន្តហោះមួយគ្រឿងផ្ទុកមនុស្ស១០នាក់ បានបើកទៅបុកស្ពានមួយ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ តាមប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះមួយគ្រឿង ជាប្រភេទយន្តហោះ ដែលបានបើកលើទឹកបាន ទើបនឹងហោះចេញពីសមុទ្រនៅក្នុងទីក្រុង Jinshan បានបន្តិចក៏បានបុកស្ពាន Shanghai-Hangzhou Expressway បណ្តាលឲ្យយន្តហោះរងការខូចខាតយ៉ាងខ្លាំង។
ក្រុមហ៊ុនយន្តហោះ Joy General Aviation បានឲ្យដឹងថា នេះជាការហោះហើរសាកល្បងមួយសម្រាប់ផ្លូវកម្សាន្តសំណើថ្មីបំផុតរបស់ក្រុមហ៊ុន ដែលធ្វើដំណើរពី Jinshan ទៅ Zhoushan ហើយនៅលើយន្តហោះនោះមានអ្នកបើកបរ២នាក់ និងអ្នកដំណើរចំនួន៨នាក់ ភាគច្រើនជាអ្នកកាសែត ដែលត្រូវបានអញ្ជើញឲ្យមកយកព័ត៌មានពីដំណើរកំសាន្តនេះ។
ក្រោយកើតហេតុមនុស្ស៥នាក់ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត និង៥នាក់ផ្សេងទៀតរងរបួស ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ៕