បុរស ដែលអំពាវនាវឱ្យធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលកំពុងលាក់ខ្លួននៅថៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ២១ កក្កដា ២០១៦) ៖ ក្រុមដែលហៅខ្លួនឯងថា”រណសិរ្សរំដោះជាតិខ្មែរ” ដែលមានមូលដ្ឋាននៅប្រទេសថៃ បានប្រកាសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា បុរសដែលអំពាវនាវអោយត្រៀមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជានោះ គឺជាសមាជិករបស់ខ្លួន។
រណសិរ្យរំដោះជាតិខ្មែរ បានសរសេរនៅក្នុងសេចក្តីប្រកាសអាសន្ន របស់ខ្លួននៅថ្ងៃនេះថា “រណសិរ្យរំដោះជាតិខ្មែរមានកិត្តិយសជម្រាបជូនដល់សមាជិករណសិរ្យ រំដោះជាតិខ្មែរ សមាជិកគណបក្សសង្គ្រោះជាតិ និងសមាជិកគណបក្សផ្សេងៗទៀតដែលគាំទ្ររណសិរ្យរំដោះជាតិខ្មែរ កំពុងរស់នៅក្នុងប្រទេសខ្មែរ និងប្រទេសថៃ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់ព្រោះកងកម្លាំងរបបផ្តាច់ការ ហ៊ុន សែន អាចនឹងចាប់ខ្លួន ដោយចោទប្រកាន់ថា “ផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហារ”ជាដើម”។
ការប្រកាសរបស់ក្រុមខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច និងកងកម្លាំងយោធាកម្ពុជា កំពុងស្វែងរកបុរសម្នាក់ ដែលបានប្រកាសតាមវីដេអូ នៅលើទំព័រ Facebook និង Youtube កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦អំពីការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលខាងមុខ៕