សមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កក្កដា ២០១៦) ៖ យោងតាមគេហទំព័របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៩ខែកក្កដានេះបានសរសេរថា សមត្ថកិច្ចកំពុងធ្វើការស្វែងរកចាប់ខ្លួនជនសង្ស័យនិងបក្ខពួកដែលបានប្រកាសអំពីការប្រើប្រាស់កម្លាំងក្នុងការផ្តួលរំលំរដ្ឋាភិបាលនៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)។
ការស្វែងរកចាប់ខ្លួននេះ ក្រោយពេលដែលមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា វ៉េប៉េ៩ (VP9) នៅអង្គភាពភូមិភាគនីរតី បានអំពាវនាវដល់មហាជននិងកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ដោយបានអំពាវនាវដល់មហាជន ក្រសួងមន្ទីនានា និងកងកម្លាំងទាំងអស់ត្រៀមខ្លួនប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីរំដោះជាតិ។
គេហទំព័របស់អគ្គស្នងការនគរបាលជាតិបានសរសេរបញ្ជាក់ថាបុរសម្នាក់បានថ្លែងជារូបភាពវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកជាសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះដោយចោទប្រកាន់រដ្ឋាភិបាលនូវពាក្យសម្តីធ្ងន់ៗនិងប្រទេសវៀតណាមផងដែរថាបានរំលោភបំពានសិទ្ធិពលរដ្ឋ ផ្តាច់ការ និងធ្វើឲ្យប្រទេសជាតិជួបប្រទះការលំបាក៕