បន្ទប់ទឹក និងបង្គន់ជាកន្លែង ដែលសម្បូរទៅដោយមេរោគ
សារព័ត៌មាន Cambodia News/
សុខភាព (១៥ កក្កដា ២០១៦) ៖ ករណីប្រើបង្គន់សាធារណៈវាអាស្រ័យជាខ្លាំងទៅនឹងប្រភេទបង្គន់ និងការធ្វើអនាម័យ។ ការចូលបន្ទប់ទឹក ឬបង្គន់ត្រូវគិតគូរពីភាពស្អាត និងអនាម័យជាពិសេស។ បន្ទប់ទឹក និងបង្គន់ជាកន្លែងដែលសម្បូរទៅដោយមេរោគជាច្រើនប្រភេទ។
បង្គន់ដែលនៅតាមគេហដ្ឋាន ជួនពិបាកក្នុងការធ្វើអនាម័យ ចុះទម្រាំនៅតាមទីសាធារណៈទៀត ម្យ៉ាងទៀតប្រភេទបង្គន់ក៏ត្រូវគិតគូរដែរ ជាទូទៅមាន២ប្រភេទ គឺបង្គន់ចាន(អង្គុយចោងហោង) និងបង្គន់កន្ថោរ (អង្គុយផ្ទាល់ពីលើ)។ ករណីបង្គន់ចានដែលអង្គុយចោងហោង ដូចជាមិនសូវកើតជាបញ្ហាទេ។ តែក្នុងករណីបង្គន់កន្ថោរដែលអង្គុយ ផ្ទាល់ពីលើពិតជាត្រូវគិតគូរ ព្រោះអាចអង្គុយពីលើភាពកខ្វក់ និងមេរោគ។
មុននឹងអង្គុយ សូមសម្អាតចានបង្គន់ និងបន្ទះ អង្គុយសិន អាចប្រើក្រដាសជូត រឹតតែប្រសើរបើមានក្រដាសជូតសម្លាប់មេរោគ និងទ្រាប់ក្រដាសមុនអង្គុយពីលើ។ ត្រូវត្រួតពិនិត្យ ផងដែរថាបង្គន់នេះមានទឹកលាងស្អាតត្រឹមត្រូវឬទេ មុនពេលចូល និងចេញពីបង្គន់ ដូចជាមុនបត់ជើងបាញ់ទឹកចោលសិន និងពេលចេញត្រូវបាញ់ទឹក១ដងទៀត៕