ក្រសួងរៀបចំដែនដី ហាមមិនឱ្យដាក់ម៉ាស៊ីនស្ទូចគង ឬគ្របលើផ្លូវសាធារណៈ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០៦ កក្កដា ២០១៦) ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានឱ្យដឹងថា ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ការពារសុវត្ថិភាពសាធារណៈ និងទប់ស្កាត់គ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ក្នុងការប្រើប្រាស់ម៉ាស៊ីនស្ទូច សម្រាប់លើក ដាក់សម្ភារក្នុងការដ្ឋានសំណង់ និងអ្នកទទួលខុសត្រូវការដ្ឋានសំណង់ ម្ចាស់សំណង់ ប្រធានក្រុមហ៊ុនទទួលម៉ៅការសំណង់ឬអ្នកទទួលខុសត្រូវការដ្ឋានសំណង់ ហាមដាច់ខាតប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ដទៃទៀត ដែលគងឬគ្របលើផ្លូវសាធារណៈ។
នៅក្នុងសេចជូនដំណឹងដដែល បានបញ្ជាក់ថា ក្នុងករណីទីតាំងការដ្ឋានសំណង់តូចចង្អៀត រាល់ការប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ដទៃទៀត ដែលអាចប៉ះពាល់ដល់ផ្លូវសាធារណៈ ត្រូវអនុវត្តលើការណែនាំរបស់សាលារាជធានី-ខេត្ត ដែលការដ្ឋាននោះ ស្ថិតនៅដូចជា ការដាក់ស្លាកសញ្ញា ភ្លើងសញ្ញា ការកំណត់ពេលវេលាប្រតិបត្តិការនិងការចាត់ចែងធ្វើចរាចរណ៍សាធារណៈ នៅពេលប្រតិបត្តិការស្ទូច ឬលើកដាក់ជាដើម៕